ជំនាញចុះត្រួតពិនិត្យ ទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ និងផុតកាលបរិច្ឆេទបរិភោគ នៅតាមទីតាំងលក់ដូរមួយចំនួន ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖បន្ទាប់ពីទទួលបាននូវព័ត៌មានពីមហាជន ដែលបានលើកឡើងពីការជួបប្រទះនូវផលិតផល ប្រើប្រាស់ ឬចំណីអាហារហូបចុកប្រចាំថ្ងៃ មួយចំនួនបានផុតកាលបរិច្ឆេទប្រើប្រាស់ និងបរិភោគរួចហើយ តែត្រូវបានឃើញដាក់លក់នៅតាមទីតាំងអាជីវកម្មមួយចំនួន ដែលបញ្ហានេះ ពិតជាបង្កនូវហានិភ័យខ្លាំងណាស់ ចំពោះអ្នកប្រើប្រាស់ និងហូបចុកដែលមិនបានពិនិត្យឱ្យបានច្បាស់លាស់ ។
កាលពីព្រឹកថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង
លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល បានដាក់វិធានការដល់លោកវរសេនីយ៍ទោ យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់កម្លាំងក្នុងការិយាល័យ ចុះត្រួតពិនិត្យទំនិញ នៅតាមទីតាំងលក់ដូរមួយចំនួនក្នុងក្រុងបាត់ដំបង ដើម្បីស្វែងរកផលិតផលដែលកំពុងដាក់លក់ហើយ(ហួសកាលបរិច្ឆេត) ប្រើប្រាស់។
ជាមួយនឹងសកម្មភាពត្រួតពិនិត្យនេះ សមត្ថកិច្ចនគរបាលបានធ្វើការដកហូត នូវផលិតផលប្រើប្រាស់ និងហូបចុកមួយចំនួនដែលបានផុតកាលបរច្ឆេទរួចទៅហើយ តែនៅមានដាក់លក់ក្នុងទីតាំងអាជីវកម្មខ្លះ។ជាមួយនឹងការដកហូតសមត្ថកិច្ចនគរបាលបានធ្វើការណែនាំដល់ម្ចាស់អាជីកម្មដ្ឋាន ឬអ្នកលក់ដូរទាំងនោះ សូមកុំបន្តដាក់លក់ទំនិញដែលហួសកាលបរិច្ឆេត ទាំងនេះបន្តទៀត ម៉្យាងវិញទៀតទំនិញផុតកាលបរិច្ឆេទបែបនេះ សូមកុំយកទៅបោះចោលពាសវាលពាសកាល ឱ្យសោះព្រោះវាអាចនាំបង្កនូវផលវិបាកផ្សេងៗសម្រាប់មនុស្ស សត្វនិងបរិស្ថានផងដែរ ប៉ុន្តែ
ត្រូវទុកដាក់ដោយត្រឹមត្រូវ និងធ្វើការបំផ្លាញចោលស្របតាមវិធានបច្ចេកទេសនិងវិជ្ជាជីវ:ត្រឹមត្រូវ៕