សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក ទាំង៨ សរុបចំនួន២៤រូប។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ស្តាប់របាយការណ៍សកម្មភាពប្រចាំឆមាសទី១ និងទិសដៅការងារបន្ត
២- មតិលើកឡើងរបស់គណៈកម្មាធិការសាខាលើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត
៣- ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា បញ្ហាប្រឈម និងដំណោះស្រាយ
៤-ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក
៥-ឆ្លងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាអាណត្តិទី៥
៦-អនុសាសន៍ផ្សេងៗ ។
នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកោតសរសើ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានវិវត្តន៍ ពីមួយជំហ៊ានទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សំគាល់ពិសេសការងារផ្សព្វផ្សាយពីវិធានការទប់ស្កាត់កូវីដ-១៩ ។
ឯកឧត្តមក៍បានអបអរសាទរ និងការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មាភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និង បេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។សមាជិកនៃអង្គប្រជុំ បានឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ មតិលើកឡើងរបស់គណៈកម្មាធិការសាខា លើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខាទាំង៨ ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ គៀងគរមន្ថែម៕