ឯកឧត្តម ឡាំ ជា អញ្ជើញជាធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង និងនាយករដ្ឋបាលខេត្តថ្មី ក្រោមអធិបតីឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករង បាត់ដំបងអភិបាលក្រុង ស្រុក តំណាងសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។
លោក ឆាយ ម៉ាទីណាល់ ជានាយករដ្ឋបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ ខណៈលោក មូល ធន នាយករងរដ្ឋបាល ត្រូវបានតែងតាំងជានាយករដ្ឋបាលថ្មី ជំនួសលោក ឆាយ ម៉ាទីណាល់។
ក្នុងឱកាសនោះឯកឧត្តម ឡាំ ជា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តតាមថ្នាក់លើ ដាក់ចុះស្តីអំពីការចុះពិនិត្យស្រង់ស្ថិតិ និងផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋឲ្យចំគោលដៅឲ្យបានល្អ ចៀសវាងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មានការគាំទ្រអភិបាលរងខេត្ត និងនាយករដ្ឋបាលថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគេ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ។
ជាមួយគ្នានេះឯកឧត្តម ឡាំ ជា ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពដល់ពួកគាត់។
ឯកឧត្តមណែនាំឲ្យផ្សព្វផ្សាយ និងទប់ស្កាត់ការពារជំងឺកូវីដ-១៩បន្តទៀត ព្រមទាំងផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ ដើម្បីនាំគ្នាគោរពច្បាប់កាត់បន្ថយ អត្រាស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយការផ្តល់ថវិកាជាសាច់ប្រាក់ដល់ជនក្រីក្រ ដោយសារជម្ងឺកូវីដ-១៩ កន្លងមកឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕