ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល រម្លឹកឡើងវិញ ស្ដីពី ការរៀបចំគម្រោង ក្រុង-ស្រុក
ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល រម្លឹកឡើងវិញ ស្ដីពីការរៀបចំគម្រោង ក្រុង-ស្រុក ដោយបានការចូលរួមពីលោក លោកស្រី ជាអភិបាលរង ក្រុង-ស្រុក សមាជិក សមាជីកាទាំងអស់ ដែលមានការពាក់ព័ន្ធ នឹងការរៀបចំ និងការអនុវត្តគម្រោងក្រុង-ស្រុក។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បានធើ្វការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រដល់រដ្ឋបាល ក្រុង-ស្រុក ព្រម ទាំងរដ្ឋបាលក្រុង-ស្រុក ទាំង១១ ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងអនុវត្តគម្រោង ក្រុង-ស្រុក និងបានគោរពតាមគោលការណ៍ បែបបទនីតិវិធី និងសៀវភៅណែនាំ ស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក បានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ខ្លឹមសារសំខាន់ៗទាំង១១ នៅក្នុងវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញ ស្ដីពីការរៀបចំគម្រោងក្រុង-ស្រុករួមមាន៖
ទី១-គម្រោងក្រុង-ស្រុក
ទី២-ការរៀបចំគម្រោងក្រុង-ស្រុក
ទី៣-តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការរៀបចំគម្រោងក្រុង-ស្រុក
ទី៤-ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន
ទី៥-បញ្ជីសម្ភារៈស្ដង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម័្ពន្ធ
ទី៦-ការបំពេញទម្រង់ព័ត៌មានគម្រោង
ទី៧-គោលការណ៍ណែនាំ សម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង
ទី៨-កិច្ចប្រតិបត្តិការ និងការថែទាំគម្រោង
ទី៩-គោលការណ៍ណែនាំ សម្រាប់វិភាគផលប៉ះពាល់បរិស្ថាន
ទី១០-គោលការណ៍ណែនាំ សម្រាប់ការរៀបចំរបាយការណ៍សិក្សាដីធ្លី និង
ទី១១-គោលការណ៍ណែនាំ ស្ដីពីសុវត្ថិភាពជនជាតិដើមភាគតិច ។
ក្នុងឱកាសនៃវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក នាពេលនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់លោក លោកស្រី ជាអភិបាលរងក្រុង-ស្រុក សមាជិក សមាជីកាទាំងអស់ នៃវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ ស្ដាប់នូវខ្លឹមសារមេរៀននីមួយៗ ដែលបានបង្ហាញក្នុងពេលនេះ ដោយក្រុមអ្នកសម្រប សម្រួល ដោយលោក វ៉ាន់ ម៉ូនីកា គ្រូឧន្ទេស ដោយទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អ២ ដើម្បីយកទៅបំពេញ ការងារ និងតួនាទីរបស់ខ្លួន ប្រកបដោយគុណភាព និងលទ្ធផលល្អ៕