សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល អញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកទឹកឈូ
ខេត្តកំពត៖នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកឃុំ អញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋចំនួន៣៣គ្រួសារ រងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេរ បានចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន៥០គីឡូក្រាម, ឃីត១កញ្ចប់ ដែលរួមមានមុង១ ភួយ១ សារុង១ និងក្រមា១, មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់ចំនួន១ផ្ទាំង សាប៊ូ៥ដុំ អាវយឺត១ និងថវិកាចំនួន៨០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរ ចំនួន០៥គ្រួសារ និងថវិកា ៤០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះស្រាល ចំនួន២៨គ្រួសារ៕