បុរសម្នាក់ធ្វើអត្តឃាត់ខ្លួនឯង ដោយសាគ្មានលុយ ទៅលោះយកម៉ូតូ ដែលខ្លួនយកទៅបញ្ចាំ
ខេត្តបន្ទាយមានជ័យ៖ដោយសាគ្មានលុយទៅលោះយកម៉ូតូ ដែលខ្លួនយកទៅបញ្ចាំគេ មិនហ៊ានចូលផ្ទះស្រាប់តែឡើងលើកំពូលភ្នំធំលោតទម្លាក់ខ្លួនមកដល់ដីស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៨នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា បើតាមការរៀបរាប់បំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ ភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បូរី បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦យប់ ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឲ្យផុតៗ ចង់តែឡើងលើភ្នំឲ្យរន្ទះបាញ់ស្លាប់រួចក៏ដើរទៅបាត់ ខ្លួនក៏ចូលដេកដែរ។លុះដល់ម៉ោងប្រហែល១រំលងអាធ្រាត្រខ្លួនបានលឺថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោម តែខ្លួនមិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូហែរ មកហើយរហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំតែម្តង។
លោកអធិការបានបញ្ជាក់ទៀតថា ឈ្មោះ រ៉ន ភារ៉ា នេះជាមុខសញ្ញាជក់ និងលក់ថ្នាំញៀនយ៉ាងសកម្មហើយក៏ធ្លាប់ជាប់ពន្ធធាគារ នឹងមណ្ឌលកែប្រែព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយដែរ។ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ដាក់បញ្ជាឲ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យ ក្នុងនោះយើងបានបង្កើតគណកម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យចាប់អារម្មណ៍ ដូច្នេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពបុរសនេះពិតជាស្លាប់ដោយសារតែលោតពីលើកំពូលភ្នំផ្ទប់និងថ្មបាក់ ក ស្លាប់ពុំមានជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ។សព ក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕