ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន គ្រោងបង្កើតកសិដ្ឋានចឹញ្ចិមសត្វគំរូ នៅតាមបណ្តាឃុំ/សង្កាត់
ខេត្តប៉ៃលិន៖ដើម្បីឲ្យភាពងាយស្រួលមិនចាំបាច់ចេញទៅរកការព្យាបាលខាងក្រៅ ពិសេសគឺការរកទីផ្សាររបស់ប្រជាពលរដ្ឋ នៅពេលខាងមុខនេះមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមានរៀបចំឲ្យមានកសិដ្ឋានគំរូមួយនៅតាមបណ្តាឃុំ/សង្កាត់ ដោយក្នុងនោះមានទាំងការថែទាំសត្វ ការចឹញ្ចិមសត្វ និងវ៉ាក់សាំងព្យាបាលសត្វផងដែរ។
លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន មានប្រសាសន៍ បែបនេះក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់វ៉ាក់សាំង សម្រាប់បក្សី ដែលរៀបចំឡើង ដោយក្រុមហ៊ុនB.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
លោកបន្តថា៖ការបើកសិក្ខាសាលានេះ គឺរៀបចំឡើងដោយក្រុមហ៊ុនB.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ដែលជាគម្រោងមួយ សម្រាប់ពង្រឹងឧត្តមភាព ដល់ប្រជាកសិករខ្នាតតូចរបស់កម្ពុជា តាមរយៈការតភ្ជាប់ផលិតកម្ម របស់កសិករជាមួយនឹងទីផ្សារ ដែលមានសក្ដានុពលចំណេញច្រើន។គម្រោង AIMS នេះ នឹងផ្ដោតលើការអភិវឌ្ឍខ្សែសង្វាក់ តម្លៃគោលដៅចំនួន០៥ដែលមានការទទួលស្គាល់តម្លៃស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសរសៃសូត្រ។គោលដៅរបស់យើងគឺអនុញ្ញាតឲ្យកសិករខ្នាតតូច ទទួលបានផលប្រយោជន៍ ពីកាលានុវត្តភាពនៃទីផ្សារ ដោយសហការជាមួយគ្នាទៅវិញទៅមក និងជាមួយកសិអាជីវកម្ម ដើម្បីកំណត់បាននូវកសិផល ដែលមានសក្ដានុពលកំណើន។
ជាមួយនោះដែរ គម្រោងនឹងសម្របសម្រួល ដល់កសិកម្មខ្នាតតូច ក្នុងការទទួលបានហិរញ្ញវត្ថុ ដើម្បីទាញយកផលចំណេញ ពីទីផ្សារក្នុងប្រទេស និងទីផ្សារក្រោមក្របខណ្ឌសហគមន៍សេដ្ឋកិច្ចផងដែរ ហើយនៅពេលនេះគឺយើងសិក្សា និងស្វែងយល់ពីការព្យាបាលសត្វ ការថែទាំសត្វ ការចឹញ្ចិមសត្វ ថាតើយើង ត្រូវប្រើប្រាស់ថ្នាំណាខ្លះសម្រាប់ព្យាបាលសត្វ ដែលយើងចឹញ្ចឹម។ដូច្នោះសូមឲ្យបងប្អូនប្រជាកសិករ ដែលចូលរួមនាពេលនេះ ខិតខំយកចិត្តទុកដាក់ លើការពន្យល់ របស់តំណាងក្រុមហ៊ុន ដើម្បីបាននូវបទពិសោធន៍ល្អ សម្រាប់ការងារចឹញ្ចិមសត្វរបស់យើងនៅតាមមូលដ្ឋានផងដែរ៕