ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅស្រុកទឹកឈូ ទទួលអំណោយពីថ្នាក់ដឹកនាំខេត្តកំពត
ខេត្តកំពត៖លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋានឃុំ និងស្រុកទឹកឈូ ព្រមទាំងក្រុមយុវជន(ស.ស.យ.ក) យុវជន(សម្ព័នយុវជនមុស្លឹមកម្ពុជា)និងសការី កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយរបស់សប្បុរសជនប្រទេសសិង្ហបុរី តាមរយៈអង្គការ (Global Ehsan Reliefs Cambodia) ដើម្បីចែកជូនប្រជាពលរដ្ឋមានចំនួន៥០គ្រួសារ រងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បាននាំមកនូវការសាកសួរសុខទុក្ខនឹករលឹក និងចូលរួមសោកស្តាយជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងបានណែនាំផ្ដាំផ្ញើដល់ មន្ត្រីរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ មិនរើសអើង ពិសេសប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិនិងឧប្បត្តិហេតុផ្សេងៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារ និងគ្មានការដោះស្រាយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។
ស្របពេលពេលរដូវនេះជារដូវវស្សា អ្នកតំណាងរាស្ត្រក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ មានផ្គររន្ទះខ្យល់កន្ត្រាក់ជាដើមដែលអាចកើតមានឡើងជាយថាហេតុ និងបានណែនាំជំរុញដល់បងប្អូនប្រជាពលរដ្ឋផងដែរ ឲ្យមានការយកចិត្តទុកដាក់បង្កបង្កើតផលដើម្បីបង្កើតជីវភាពគ្រួសារ។
ក្នុងឱកាសនោះដែរអ្នកតំណាងរាស្ត្រ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដោយបានលើកឡើងថា បច្ចុប្បន្ននេះនៅលើពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ ហើយជំងឺកាចសាហាវនេះមិនទាន់មានថ្នាំព្យាបាលបានឡើយ។
អំណោយដែលបានចែកជូនដល់ពលរដ្ឋរងគ្រោះ ទាំង៥០គ្រួសារពេលនោះក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០ គីឡូក្រាម, ស្កសរ, ប្រេងឆា, ត្រីខកំប៉ុង, មី និងទឹកដោះគោ៕