ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកអ្នកជិះកង់ហាត់ប្រាណ បណ្តាលឲ្យរងរបួសធ្ងន់
ខេត្តឧត្តរមានជ័យ៖បុរសម្នាក់បានរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយសាររថយន្តម៉ាកសាំយ៉ុង១គ្រឿង បើកបុកពីក្រោយ ខណ:ដែលកំពុងជិះកង់ហាត់ប្រាណ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោជាង៥ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ2AT 6178 ដឹកផ្សិត អ្នកបើកបរក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ជនរងគ្រោះជិះកង់ហាត់ប្រាណឈ្មោះ ភឹម សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះកង់ហាត់ប្រាណ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាកសាំយ៉ុង១គ្រឿង បើកនៅខាងក្រោយ ក៏ជ្រុលទៅបុកកង់ជនរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់ បន្ទាប់មកក៏ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ចំណែកវត្ថុតាងមធ្យោបាយត្រូវបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកអន្លង់វែង ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីជាក្រោយ៕