ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា
ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន១០០គ្រួសារ មកពី៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។
ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកឧត្តមបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយកូនច្រើន គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំង១០០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម,មី ១កេស,ទឹកសុទ្ធ១កេស,ទឹកត្រី១យួរ ,ខ្ទឹមស១កញ្ចប់,ទឹកអាល់កុល ១ដប,ម៉ាស់១០បន្ទះ និងថវិកា១៣០,០០០ រៀល ( ដប់បីម៉ឺនរៀល )៕