ឯកឧត្តម ម៉ុម សារឿន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៣គ្រួសារ ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាល នៃគណៈអភិបាលខេត្ត អមដំណើដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៧៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនប្រជាពលរដ្ឋទាំង៧៣គ្រួសារ ក្នុងភូមិចំនួន៣ នៃសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដមួយ (មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១)។
នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភពលោកយើងនេះ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា៕