១នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូ១គ្រឿងនៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូ កាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងជាង១៩ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៨ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ និងម៉ូតូម៉ាកហុដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1W 0032 គឺធ្វើដំណើរមានគ្នាពីរនាក់ ក្នុងគោលបំណងទៅផ្ទះ នៅស្រុកបាណន់ អ្នកបើកបរម៉ូតូមានឈ្មោះ ហាប់ សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលធ្នង់ ឃុំកន្ទឺមួយ ស្រុកបាណន់ ខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយឈ្មោះ នឿត ចិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា បានបើកមកដល់កន្លែង កើតហេតុ ស្រាប់តែមានរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ ពណ៌សម៉ាក CHENH LON ពាក់ផ្លាកលេខ ភ្នំពេញ 3E 3910 បញ្រ្ចាសទិសគ្នា បុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់តែម្តង។
ចំណែកម្ចាស់រថយន្តបង្កបានបើករត់ចូលទៅផ្លូវរោងចក្រ ស៊ីម៉ងត៍ ឆ្ងាយពីកន្លែងកើតហេតុ ប្រហែល៣គីទ្បូម៉ែត្រ ទុករថយន្តចោលរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តបាត់ដំបង ចុះទៅពិនិត្យធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចំណែកជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាលបាល ដោយឡែងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕