ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន២២គ្រួសារ នៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងជាអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត ក្រុមការងារកាកបាទក្រហមខេត្ត និងស្រុកក្រូចឆ្មារ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាត ចំនួន២២គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ នៅបរិវេណអនុវិទ្យាល័យឈូក។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពោល "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា គឺនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វីនោះឡើយ"។
ចំពោះអំណោយនាំយកទៅចែកជូនដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋរងគ្រោះទាំង២២គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អាកុល និងថវិកាចំនួន១០ម៉ឺនរៀល សម្រាប់១៣គ្រួសារ ផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិការ០៥ម៉ឺនរៀល សម្រាប់០៩គ្រួសារ ផ្ទះរងការខូចខាតតិចតួច៕