រដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាល ដល់មន្ត្រីតាមបណ្តា ក្រុង ស្រុក ក្នុងខេត្ត
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី”ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក” ។
វគ្គទម្រង់ទិសនេះប្រព្រឹទ្ធទៅនៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីមកពីតាមបណ្តាលក្រុង ស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែងសរុបចំនួន១៨០នាក់។
ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដែលបានរៀបចំឡើងនាពេលនេះ គឺជាវគ្គពិសេសមួយសម្រាប់ផ្តល់នូវចំណេះដឹងសម្រាប់ជាជំនួយស្មារតីដល់សិក្ខាកាមទាំងអស់ អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកប ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើតជំរុញ និងធ្វើ៎ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចឲ្យកាន់តែប្រសើរ៕