ចាប់ឃាត់ខ្លួន នាយការិយាល័យបទល្មើសគ្រឿងញៀន និងស្ត្រី១នាក់ខេត្តតាកែវ ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តតាកែវ៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានចុះចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរកងរាជអាវុធហត្ថខេត្តតាកែវ ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន នឹងជនសង្ស័យឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ ដោយជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរកម្លាំង បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖
ទី១-នៅផ្ទះរបស់ជនសង្ស័យឈ្មោះ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងដកហូតបានរួមមាន៖ អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។
ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕