សាខាកាកបាទក្រហមខេត្តកំពត បន្តប្រគល់ជូនអំណោយមនុស្សធម៌ ដល់អនុសាខាក្រុង ស្រុកទាំង៨ក្នុង ខេត្តលើកទី៤ ក្នុងគោលដៅប្រយុទ្ធប្រឆាំងជំងឺកូវីត១៩
ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត បានអញ្ជើញប្រគល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់អនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៨ក្នុងខេត្តជាលើកទី៤បន្តទៀត ដើម្បីយកទៅចែកចាយបន្តជូនដល់រដ្ឋបាលឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងគោលដៅ នៃស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមមូលដ្ឋានក្នុងស្រុក ក្រុងនីមួយៗរបស់ខេត្តកំពត។
អំណោយដែលត្រូវបែងចែកជូនសម្រាប់ដល់ អនុសាខាកាកបាទក្រហមក្រុងស្រុក និងភូមិទាំងអស់រួមមាន៖ អង្ករចំនួន៨តោន អាល់កុលចំនួន៧២៨លីត្រ ជែលអាកុលចំនួន១៦០ដប ម៉ាស ៤៨៨ប្រអប់ ខិតប័ណ្ណអប់រំ៨០០សន្លឹក សាប៊ូដុំ២០០ដុំ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នូវក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីអនុសាខាក្រុង ស្រុក យុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់ ដែលតែងតែបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងស្មារតីចូលរួមសកម្មភាពមនុស្សផល ជួយផ្គត់ផ្គង់ជីវភាពខ្វះខាតការលំបាក និងផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាមូលដ្ឋាននានា ក្នុងខេត្តនាពេលកន្លងមកប្រកបដោយភាពផុសផុល៕