ឃាត់ខ្លួនបុរសវ័យ៧៦ឆ្នាំម្នាក់ បន្ទាប់ពីចាប់រំលោភចៅស្រីរបស់ខ្លួនឯង រហូតបានសម្រេច
ខេត្តព្រះវិហារ៖ហួសចិត្តលោកតាវ័យ៧៦ឆ្នាំម្នាក់ ចាប់រំលោភចៅស្រីរបស់ខ្លួន រហូតបានសម្រេច ខណៈកំពុងតែដេកជុំគ្នាជាមួយបងប្រុសជនរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះកាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រអែមត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ូ សេង អាយុ៧៦ឆ្នាំ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ខ.ស.ម ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ និងបងប្រុសបង្កើតដែលមានអាយុទើបតែ១០ឆ្នាំ បានដេកជុំគ្នាជាមួយជីតា ក្មេងស្រីរងគ្រោះដេកក្បែជីតា
ខណៈកំពុងតែដេកជុំគ្នានោះ បងប្រុសជនរងគ្រោះបានភ្ញាក់បើកភ្នែកឡើង ឃើញជីតាកំពុងដេកពីលើប្អូនស្រីរបស់ខ្លួន ឃើញដូច្នោះខ្លួនក៏បិទភ្នែកសំងំដេកវិញ ចំណែកជីតាប្រហែលជាដឹងថាខ្លួនមើលឃើញ ក៏ទម្លាក់ខ្លួនដេកក្រោយក្មេងស្រីរងគ្រោះវិញដែរ។
រហូតដល់ម៉ោងប្រហែល៥ទៀបភ្លឺ បងប្រុសជនរងគ្រោះក៏នាំប្អូនស្រីរបស់ខ្លួនដើរមកផ្លូវ ដើម្បីរកឡានជិះទៅខេត្តសៀមរាប ជួបជាមួយជីដូននៅឯខេត្តសៀមរាប ខណៈនោះជីតាកំហូចបានគម្រាមមិនឱ្យក្មេងទាំង២ និយាយប្រាប់អ្នកណានោះទេ បើហ៊ាននិយាយគាត់នឹងសម្លាប់ចោល។ប៉ុន្តែពេលកំពុងឈរចាំឡាន អ្នកជិតខាងឃើញក៏ហៅមកសួរនាំ ពេលនោះក្មេងទាំង២ បាននិយាយប្រាប់អស់ពីសកម្មភាពរបស់ជីតារបស់ខ្លួន។
ក្រោយពីពួកគាត់បានស្តាប់ការរៀបរាប់របស់ក្មេងទាំង២រួច ក៏រាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ចុះមកភ្លាម ធ្វើការឃាត់ខ្លួនជនសង្ស័យជាជីតាតែម្តងព្រមទាំងបានទូរស័ព្ទប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលនៅខេត្តបាត់ដំបងនោះឱ្យដឹង និងដាក់ពាក្យប្តឹងផងដែរ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការបញ្ជាក់ពីគ្រូពេទ្យ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕