ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ចំនួន៣៣គ្រួសារ នៅស្រុកទឹកឈូ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត នាថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកទឹកឈូ មន្ត្រីរាជការខេត្ត ស្រុកទឹកឈូ កងកម្លាំងប្រដាប់អាវុធ និងយុវជនស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពត ជូនប្រជាពលរដ្ឋចំនួន៣៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនោះឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសប្បែង ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) មិនអាចដឹងទុកមុនបានទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ កើតឡើងជាយថាហេតុ និងបានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយជាប្រចាំ។
ជាមួយគ្នានេះដែរឯកឧត្តមបានបញ្ជាក់ថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជាប់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
បន្ថែមពីនេះឯកឧត្តម បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋបង្កបង្កើនផល នៅដើមរដូវវស្សានេះ និងចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងបន្លែជុំវិញផ្ទះ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង៣៣គ្រួសាររួមមានៈ
១-គ្រួសារខូចខាតធ្ងន់ធ្ងរ (រំលំផ្ទះទាំងស្រុង) ចំនួន០៥គ្រួសារក្នុង០១គ្រួសារ ទទួលបានៈតង់កៅស៊ូ ១,អង្ករ២៥គ.ក ,មី១កេះ,ត្រីខ១យួរ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន២០០.០០០រៀល។
២-គ្រួសារខូចខាតមធ្យម ចំនួន២០គ្រួសារ ក្នុង០១គ្រួសារទទួលបានៈអង្ករចំនួន២៥គ.ក,មី១កេះ,ត្រីខ១យួរ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន៤០.០០០រៀល។
៣-គ្រួសារខូចខាតតិចតួច ចំនួន៨គ្រួសារ ក្នុង០១គ្រួសារទទួលបានៈអង្ករ២៥គ.ក,មី១កេះ,ត្រីខ១យួរ ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន២០.០០០រៀលផងដែរ៕