ទំនិញខូចគុណភាពជាង២ពាន់គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ធ្វើពិធីដុតបំផ្លាញចោលក្រោយពីមន្ត្រីជំនាញ ចាប់យកពីឈ្មួញទុច្ចរិត លួចនាំចូលពីទឹកដីថៃ
ខេត្តបាត់ដំបង៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាប និងដកហូតប្រហិតខូចគុណភាពគ្រប់ប្រភេទបានចំនួន ២,៤៥០គីឡូក្រាម ពីក្រុមឈ្មួញដែលបានលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាងប្រហិតខូចគុណភាពទាំងអស់នោះ អាជ្ញាធរបានធ្វើពិធីដុតកំទេចចោលតែម្តងនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោមការចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ជាមួយគ្នានោះអាជ្ញាធររដ្ឋបាលសង្កាត់ ក៏ដូចជាអាជ្ញាធររដ្ឋបាលក្រុង ក៏បានចូលរួមសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារអាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញមានការសង្ស័យ ទៅលើមុខទំនិញណាមួយ ដែលមានការសង្ស័យថា ខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕