ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់តំណែង អភិបាលស្តីទី ស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ញឹក សារ៉ែន ចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកគាស់ក្រឡ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាល រងស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកគាស់ក្រឡ ខេត្តបាត់ដំបងផងដែរ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើថា ការប្រកាសចូលកាន់មុខតំណែង របស់លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងសង្កេតនៃសាលាខេត្តបាត់ដំបង ជាអភិបាលស្តីទីស្រុកគាស់ក្រឡ ដោយយោងតាមប្រកាសស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃក្នុងពេលនេះ ដើម្បីចូលរួមដោះស្រាយ រាល់ការលំបាកស្មុគស្មាញក្នុងការងារ និងបញ្ហាប្រឈមនានា ដែលកើតមានឡើង នៅមូលដ្ឋាន ស្រុកគាស់ក្រឡ ជាពិសេសលោក ញឹក សារ៉ែន ត្រូវបន្តខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសព្វផ្ទាល់ខ្លួន លើកកម្ពស់ គុណភាពការងារ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួនក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត និងត្រូវចេះរួមសហការដឹកនាំ ពិភាក្សាក្នុងជួរគណៈអភិបាលស្រុក ជាមួយអង្គភាព មន្ត្រីក្រោមឱវាទ និងសហការល្អជាមួយបណ្តាអង្គភាព សមត្ថកិច្ច ក្រុមប្រឹក្សា ឃុំ ដៃគូអភិវឌ្ឍន៍និងគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង រដ្ឋបាល ខេត្តឱ្យបាជាប្រចាំ។ត្រូវមានការធានានូវភារកិច្ចស្នូលទាំងឡាយរបស់រដ្ឋបាលស្រុក លើការងារដឹកនាំ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃមានសវត្ថិភាព ដែលជាប្រការសំខាន់ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសយកចិត្តទុកដាក់ បំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ៕