នគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់ នៅលើផ្លូវ ជាតិ លេខ២១Aក្រុងតាខ្មៅ
ខេត្តកណ្តាល៖កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅលើរថយន្តបែនធុនធំដឹកខ្សាច់ ដែលដឹកចេញពីដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា បន្ទាប់ពីមានការត្អូញត្អែ ពិសេសការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីក្តីកង្វល់ និងផលប៉ះពាលទៅលើរថយន្តដឹកខ្សាច់ចេញពីដេប៉ូ។ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត នឹងអ្នកបើកបរ ហើយចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់នឹងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោកបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ នៅលើផ្លូវជាតិលេខ២១A រហូតម្ចាស់អាជីវកម្ម រថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ៕