ពលរដ្ឋមានជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយចំនួន៦១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ និងជាអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន៦១គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន ៦១គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករចំនួន២៥គីឡូ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី ១កេស នសាប៊ូ១ដុំ និងច្រាសដុសចំនួន១។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋមានជីវិភាពជួបការលំបាកទាំងអស់ក្នុងស្រុកកំពង់ស្វាយ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ដែលជានិច្ចជាកាល សម្ដេចទាំងទ្វេតែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានកបាទក្រហមជានិច្ច»។
ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំរក្សាសុខភាព ដោយអនុវត្តតាម វិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើង បានថមថយ យ៉ាងណាក៏ដោយដរាប ណាមិនទាន់មានថ្នាំវ៉ាក់សាំងការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចអំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅក្នុងសហគមន៍របស់យើង ហើយនៅតែបន្តការប្រុង ប្រយ័ត្នជាប់ជានិច្ច។ជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នៅពេលក្អក ឬកណ្ដាស ហើយត្រូវរក្សាគម្លាតពីគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ៕