លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនទាំងអស់ បន្តការពារខ្លួនកុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះ
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា អ្នកជំងឺកូវីដ១៩ថ្មី ទាំង៩នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) រួចរាល់ហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពាក់ពន្ធ័បញ្ហានេះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះឲ្យសោះ វាមិនដែលភ្លេចយើងទេ រង់ចាំតែមានឱកាស មានការធ្វេសប្រហែស និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយើងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះ នឹងអាចឆ្លងមកចូលខ្លួនយើងហើយ។
ជាមួយគ្នានេះ លោកជំទាវបានណែនាំថា មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗនោះទេ ដែលអាចជួយបងប្អូន ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩ នេះបាន៕