សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ នៅតាមផ្សារទីប្រជុំជន និងតាមខ្នងផ្ទះ
ខេត្តកំពង់ឆ្នាំង៖ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុកសាមគ្គីមានជ័យ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពន្យល់ណែនាំអំពីវិធានការណ៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជន នៅផ្សារក្រាំងល្វា និងតាមខ្នងផ្ទះក្នុងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ។
ការចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក.ខេត្ត និងមានការអញ្ជើញចូលរួមពី លោក ស៊ុន សុវណ្ណារិទ្ធិ អនុប្រធាន ស.ស.យ.ក.ខេត្ត សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត និងស្រុកសាមគ្គីមានជ័យ។
គោលបំណងនៃយុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយពន្យល់ណែនាំបន្ថែម អំពី ព័ត៌មាន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅលើសកលលោក ហើយក៏កំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានចែកខិតប័ណ្ណ បិទផ្សាយផ្សាយ សារអប់រំ និងណែនាំ អំពីវិធានការការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ អាជីវកម្ម ផ្សេងៗ និងកន្លែងធ្វើដំណើរ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល បន្ថែមទៀត។
រួមជាមួយវិធានការ នៃការ ការពារជំងឺឆ្លងកូវីដ ១៩ នេះ ជូនដល់ប្រជាពលរដ្ឋ មានដូចជា ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ,ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬដោយកែងដៃ ,ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អកឬផ្ដាសាយ ,ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ,ត្រូវចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួនជាដើម។
ជាមួយគ្នានោះដែរ លោក ហេង ពិទូ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំ សូមកុំធ្វេសប្រហែស ឱ្យសោះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ត្រូវបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមឱ្យពួកគាត់តាមដានសុខភាពជាប្រចាំ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃមេរោគកូវីដ១៩ ដែលនៅជិតបំផុត ដើម្បីអនុវត្តវិធានការដាក់អោយនៅដោយឡែកចំនួន ១៤ថ្ងៃសិន ដើម្បីធានាបានសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ និងសហគមន៍របស់បងប្អូន។
ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះដែរ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត បានធ្វើការប្រគល់សម្ភារជូនដល់ ស.ស.យ.ក.ស្រុកសាមគ្គីមានជ័យ រួមមាន៖ម៉ាស់៤០០,ខិតប័ណ្ណ៤០០សន្លឹក,បដា១.៥ម×៤ម ២ផ្ទាំង,បដា១.៥ម×១០ម ១ផ្ទាំង,សៀវភៅ៣០០ក្បាល,អាកុល២០ដប,ទឹកសុទ្ធ៦កេស និងថវិកា ចំនួន២០០ ០០០រៀល និងសម្ភារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផ្ដល់ជូនបន្ថែមមាន៖ Poster A2 (ផ្ទាំងធំ), COVID-19 & Hand Washing = 600 សន្លឹក និងខិតបណ្ណA5(ផ្ទាំងតូច) COVID-19 & Hand Washing = 600 សន្លឹក ៕