រដ្ឋបាលខេត្តកែប ធ្វើពិធីផ្សព្វផ្សាយ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
ខេត្តកែប៖ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អញ្ចើញជាអធិបតី ពិធីផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា កាលពីថ្ងៃពុធ ទី២៤ មិថុនា ឆ្នាំ២០២០សប្តាហ៍មុននេះ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបានប្រកាសប្រើប្រាស់ជាផ្លូវការ។ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ គឺបែងចែកទៅតាមកម្រិតក្រីក្រ និងទៅតាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ។
ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា ដើម្បីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា លុះត្រាតែប្រជាពលរដ្ឋនោះ ជាប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងមានបណ្ណសមធម៌នៅមានសុពលភាព តាមកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬក្រកម្រិត២ (ក្រ)។
លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែប បានជំរាបជូនថា ក្រោយពីទទួលបានការណែនាំ និងបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្ត អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ ពីក្រសួងផែនការរួចមក ក្រុមការងារមន្ទីរផែនការបានចុះសហការណ៍ ជាមួយមូលដ្ឋានក្រុងស្រុក និងឃុំសង្កាត់ ចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដើម្បីងាយស្រួលជូនរដ្ឋាភិបាលផ្តល់ការគាំពារដល់ជីវភាពរបស់ពួកគេ ដែលកំពុងជួបការខ្វះខាត នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។
លោកបានបន្ថែមទៀតថា មកដល់ពេលនេះ បានបញ្ចប់នៅទីជនបទ គឺស្រុកដំណាក់ចង្អើរ និងកំពុងបន្តអនុវត្តន៍នៅទីប្រជុំជន(ក្រុងកែប) អោយចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២០ នេះ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តបានថ្លែងថា ទាំងនេះជាការចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវ៏ដ១៩។ អ្វីជាការកត់សំគាល់ នេះជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងវិស័យទេសចរណ៍ ដែលព្យួរការងារ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩៕