ឯកឧត្តម អភិបាលខេត្តសៀមរាប ជំរុញឲ្យពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ
ខេត្តសៀមរាប៖ទោះបីជាប្រជាពលរដ្ឋមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែបងប្អូនមានដីស្រែធ្វើការបង្កបង្កើនផល ដើមី្បផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ប្រសើរជាងអ្នកដែលគ្មានដីបង្កបង្កើនផល។ម៉្យាងទៀតលើការងារបង្កបង្កើនផល សូមឲ្យបងប្អូនប្រជាពលរដ្ឋគោរពទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញបច្ចេកទេសកសិកម្មដែលបានណែនាំ ដើមប្បីធានានូវគុណភាពដីស្រែកុំឲ្យរីករឹល ដីស្រែសោះជីវជាតិ ដែលនាំឲ្យ ទន្និផលស្រូវមានការធ្លាក់ចុះ ព្រមទាំងធ្វើឲ្យដំណាំស្រូវមិនលូតលាស់បានល្អ ដោយការប្រើប្រាស់ជីគីមីលើសកំណត់ និងខុសបច្ចេកទេសរបស់កសិកម្ម។
ដើមី្បឲ្យបងប្អូនប្រជាកសិករមានភាពជឿជាក់ ក្នុងការបង្កើននូវមុខរបបរបស់ខ្លួនលើការចិញ្ចឹមសត្វមាន់នេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនចំពោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរកនូវទីផ្សារជូនដល់បងប្អូនប្រជាកសិករ នូវគ្រប់មុខ កសិផលដែលបងប្អូនផលិតបាន។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ណែនាំដល់ពលរដ្ឋបែបនេះ ខណៈដែលឯកឧត្តម ដឹកនាំមន្ត្រីក្រោមឱវាតចុះបំពេញបេសកកម្មរ នៅក្នុងស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២០។
ក្នុងដំណើរចុះបំពេញបេសកកម្មនេះឯកឧត្តម ទៀ សីហា រួមទាំងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុក ប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុក ដែលជាស្នាដៃរបស់កូនខ្មែរអង្គរទៀតផង។
បន្ទាប់មកគណៈប្រតិភូក៏បាន ចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ទៀ សីហា ក៏បានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការ ក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែលខេត្តសៀមរាប ទទួលរងផលប៉ះពាល់ នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩៕