គ្រឿងញៀនជាច្រើនប្រភេទ ជិត៥០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតី ភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជីការ អញ្ជើញចូលរួមមកពីក្រសូង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត។
ក្នុងពិធីនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជា កំពុងតែជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាត្បាតជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនភ្លេចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាដាច់ខាត។
ជាមួយគ្នានេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបង្ហាញក្តីជឿជាក់ថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ បន្តដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកន្លែងកម្សាន្តសប្បាយការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុង មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ,ការចូលរួមកសាងភូមិ ឃុំ សង្កាត់គ្មានគ្រឿងញៀន នៅតាមព្រំដែន ការបន្តចូលរួមសហការជាមួយប្រទេស ជាប់ព្រំដែនប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដុតបំផ្លាញគ្រឿងញៀន សរុប៤៧៧,៦៧៧.៨៥ ក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមមាន៖ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ៕