លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាការពារជាកម្លាំងដ៏សំខាន់រក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ
ខេត្តស្វាយរៀង៖ក្រុមប្រជាការពារ ជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំ របស់យើង ហើយកម្លាំងនេះក៏ជាសេនាធិការរបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកជំទាវកិត្តិសង្គហបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន៤១២នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។
លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមជំរាបផងដែរថា ប្រជាការពារភូមិចំនួន៤១២នាក់ មកពីស្រុកកំពង់រោទិ៍ ទទួលបានសម្លៀកបំពាក់មួយកំផ្លេ និងថវិការមួយចំនួនផងដែរ៕