សម្តេចតេជោ ប្រាប់ពលរដ្ឋ ត្រូវថែរក្សាការពារសុខភាព ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ អាល់កុលកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ
រាជធានីភ្នំពេញ៖ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារសុខភាព ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ដើម្បីការពារកុំឲ្យឆ្លងរោគកូវីដ-១៩។
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោបានសសេរសារនៅលើបណ្តាយសង្គមFacebookផេករបស់សម្តេច ដោយបញ្ចាក់ថា សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។
សម្តេចបញ្ជាក់ទៀតថា ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។
យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះ គឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារផងដែរ៕