រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាអ ញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖រសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ។
តាមសេចក្តីប្រកាសលេខ ១៦០០អយក.ប្រក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ សម្រេចប្រគល់ភារកិច្ចជូនលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុបជន និងកីឡាខេត្តព្រះសីហនុ។
នាឱកាសនោះដែរ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ត្រីមន្ទីរអប់រំបានខិតខំយកអស់កម្លាំងកាយ ចិត្តធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ នាពេលនេះឆ្លើយតបទៅ នឹងតម្រូវការការងារអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ។
ឯកឧត្តមបណ្ឌិតសភាចារ្យមានចំណាប់អារម្មណ៍ថា ខេត្តព្រះសីហនុហាក់បីដូច ជាប្រទេសសិង្ហបុរី ដោយសារតែសន្ទុះនៃការអភិវឌ្ឍដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជា មានការរីកចម្រើនហើយយុទ្ធសាស្ត្រចតុកោណ បានប្រែក្លាយតំបន់៣ ជាប៉ូលអភិវឌ្ឍន៍ជាតិដ៍មានសារៈសំខាន់ក្នុងនោះមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលមានការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុប្រែក្លាយជាគុជមួយនៃកម្ពុជា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នាពេលអនាគត ។
ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងអប់រំជម្រុញឱ្យជ្រើសរើសសាលាក្នុងខេត្តព្រះសីហនុ ជាសាលាគំរូដើម្បីពង្រឹងគុណភាពកម្រិតឧត្តមសិក្សា ដោយធ្វើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសទីផ្សារ បដិសណ្ឋារកិច្ច ទាមទារឱ្យយើងបង្កើតគ្រឹះស្ថានឧត្តមសិក្សា ឆ្លើយតបតទៅនឹងតម្រូវការទីផ្សារនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕