ស្នងការខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំត្រួតពិនិត្យ ការងារប្រចាំខែមិថុនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត
ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង០៣ ដែលបានចូលរួមសរុបចំនួន ១៣៤នាក់។
នាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការរង បានមានប្រសាសន៍ណែនាំ សូមអោយកងកម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយគោលនយោបាយនេះ សម្រេចបានជោគជ័យ និងបានដាក់វិធានការបង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយ ស្តីពីការងារចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងការងារជំនាញខ្លួន។
ត្រូវបន្តចុះល្បាតនូវតាមភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រងជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ៕