ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះចំនួន៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជូនសមាជិកអតីតយុទ្ធជនចំនួន៤គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ
ខេត្តកំពង់ឆ្នាំង៖លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគបាលខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរស្រុក ឃុំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៤ខ្នងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជនជាជនពិការចំនួន២គ្រួសារ និងនិវត្តន៍ជន២គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមាជិកអតីតយុទ្ធជនជាជនពិការចំនួន២គ្រួសារ និងនិវត្តន៍ជន២គ្រួសារ ដែលត្រូវទទួលអំណោយផ្ទះចំនួន៤ខ្នងរួមមាន៖
១-លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
២-លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀតផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
៣-លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
៤-លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំច្រេស ស្រុកកំពង់ត្រឡាច។
ជាមួយគ្នានោះដែរលោក និងក្រុមការងារ ក៏បានឧបត្ថម្ភដល់គ្រួសារសមាជិកអតីតយុទ្ធជនទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន៣០០,០០០៛,អង្ករ២បេ,មី១កេស,ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ,ត្រីខ២យួរ,ដើមស្វាយ ដើមដូង និងមាន់បួនក្បាលផងដែរ៕