ពិធីប្រគល់វិញ្ញាបណ្ណបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់ ចំនួន១៥០គ្រួសារ
ខេត្តកំពត៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើដោយឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ថ្នាក់ដឹនាំ មន្រី្តរាជការសាលាខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញប្រគល់វិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅសាលាស្រុកដងទង់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍សំណេះសំណាល ដោយបានចាត់ទុកបណ្ណសំគាល់អចលនទ្រព្យដែលបានប្រគល់ជូននាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ និងជាឯកសារភស្តុតាងរឹងមាំចំពោះមុខច្បាប់។ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាបណ្ណឲ្យបានគង់វង្សល្អ និងប្រើប្រាស់ដីឲ្យទៅជាប្រយោជន៍ សម្រាប់ការលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យបានកាន់តែប្រសើរឡើង។
ជាមួយនោះ ឯកឧត្តម នឹងបន្តពិនិត្យ និងជំរុញដល់ការចេញបណ្ណកម្មសិទ្ធដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីការចេញបណ្ណបានលឿន។តាមរបាយការណ៍របស់លោកប្រធានមន្ទីរដែនដី នគរូបនីកម្មសំណង់ និងសុរិយោដី សម្រាប់ស្រុកដងទង់បានចុះបញ្ជីដីធ្លីសម្រេចចំនួន ៥ឃុំ ស្មើនឹង២៣ភូមិ ចេញបណ្ណសរុបចំនួន១៧.១០៦បណ្ណ ហើយបានចែកជូនសរុបចំនួន ១៥.៨៨៤បណ្ណ ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ រក្សាការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងជំងឺកាចសាហាវនេះ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់៕