បុរស០២នាក់ជិះម៉ូតូបុកគូទរថយន្ត ចតលើដងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ
រាធានីភ្នំពេញ៖បុរស២នាក់បើកបរម៉ូតូម៉ាកឌ្រីមសង់ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តសណ្តោង ដឹកទំនិញធុនធំមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលធ្លាយខួស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះទាំងពីរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តសណ្តោងដឹកទំនិញធុនធំមួយគ្រឿង ម៉ាកហីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7979បិតស្លាកឡូហ្គោពិមុខ(L-M-H)បានចតលើដងផ្លូវ នៅចំណុចកើតហេតុខាងលើ ក្នុងទិសដៅពីកើតទៅលិច ដោយមិនបានដាក់ស្លាកសញ្ញាសំគាល់ឲ្យបានត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1ID-3028ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើត បានជ្រុលទៅបុកពីក្រោយ ផ្នែកខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕