រថយន្តធុនធំ បុករថយន្តដឹកឥដ្ឋ នៅកន្លែងស្ថាននីជញ្ជីងថ្លឹងរថយន្តកូនដំរី បណ្តាលឲ្យ១នាក់ស្លាប់ និង២នាក់របួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចមានមនុស្ស១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ដឹងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំ បុករថយន្តដឹកឥដ្ឋ នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងមុខស្ថាននីជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះផៃ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ជាអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ។ចំណែកអ្នករួមដំណើរចំនួន២នាក់រងរបួសធ្ងន់មានឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង៣នាក់ខាងលើ រស់នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ពាក់ពន្ធ័ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រោយពីកើតហេតុភ្លាមកម្លាំងបានចុះធ្វើការស្រាវជ្រាវ ឃើញថា នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋពេញបានបើកពីខាងកើតទៅលិច ពេលបើកដល់កន្លែងកើតហេតុ រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរថយន្ត រួចបានបត់ទៅលិច មិនបានមើលឆ្វេងស្តាំ បណ្តាលឲ្យបើកទៅបុកថយន្តកូរ៉េច្នៃដឹកឥដ្ឋបុកពេញទំហឹង បណ្តាលឲ្យបើកដឹកឥដ្ឋស្លាប់ ហើយអ្នករួមដំណើររបួសធ្ងន់ ចំណែកអ្នកបើករថយន្តធុនធំ ក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។
សមត្ថកិច្ចបញ្ចាក់ថា ចំពោះជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ក្រោយពីកើតហេតុ កម្លាំងនគរបាលបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗ។
សមត្ថកិច្ចបញ្ចាក់ទៀតថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយ បើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់បាត់ស្មារតីមិនបានជាន់ហ្រ្វាំង។
ក្រោយពីកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ នៅពេលក្រោយ ចំណែកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕