អភិបាលខេត្តកណ្ដាល បានដោះស្រាយចប់ជាស្ថាពរ តាមបំណងប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងករណីដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីវត្ត រតនៈបុប្ផារាម
ខេត្តកណ្តាល៖ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជាច្រើនរយនាក់ ក្នុងការចុះដោះស្រាយក្នុង ករណីដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីក្នុងបរិវេណវត្ត រតនៈបុប្ផារាម ហៅ(វត្តព្រែកអញ្ចាញ) ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានសម្រេចឲ្យដេប៉ូខ្សាច់ ឈឿន ម៉ានី រុះរើយកសម្ភារៈចេញពីបរិវេនដីវត្ត ជាបន្ទាន់ក្នុងរយៈពេល៧ថ្ងៃ ប្រសិន បើមិនព្រមរុះរើឲ្យអស់ទេ គឺអាជ្ញាធរនឹងត្រូវរឹបអូសសម្ភារៈទៅសាលាស្រុកមុខកំពូលទាំងអស់ ហើយត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។
ឯកឧត្ដមអភិបាលខេត្តសម្រេចបែបនេះបានធ្វើឡើង ខណៈប្រជាពលរដ្ឋ មានការមិនពេញចិត្ត រហូតឈានដល់ការតវ៉ា បិទផ្លូវជាតិលេខ6A គឺដោយសារតែ ដេប៉ូខ្សាច់ ឈឿន ម៉ានីរំលោភកិច្ចសន្យាលើការជួលដីវត្ត។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ករណីនេះគឺមិនគួរឲ្យកើតមានឡើងនោះទេក្នុងទីវត្តអារាម ព្រោះវត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់ ជាកន្លែងសម្រាប់ជួបជុំធ្វើអំពើជាកុសល ដូច្នេះចាប់ពីពេលនេះតទៅ ដីវត្តមិនត្រូវជួលឲ្យអ្នកណាទៀតទេ ជៀសវាងកុំឲ្យមានបញ្ហាដូចករណីនេះកើតឡើងម្តងទៀត។
សូមបញ្ជាក់ដែរថា បើយោងលើកិច្ចសន្យាជួលដី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្ត បានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែក អញ្ចាញឱ្យទៅឈ្មោះ ឈឿន ប៊ុនឆាន និងឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មគ្រួស ខ្សាច់ រយៈពេល៣ឆ្នាំ ប៉ុន្តែ រហូតមកដល់ពេលនេះម្ចាស់អាជីវកម្ម រូបនេះនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេ ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល១១ខែកន្លងមកហើយ ដោយគណៈកម្មាការវត្តបានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះធ្វើជារម្យនីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ។បន្ទាប់ពីបានបញ្ចប់ការដោះស្រាយរួចហើយ ឯកឧត្ដមអភិបាលខេត្ត ក៏ប្រគេនស៊ីម៉ង់តិ៍ចំនួន២០តោន ជូនដល់ព្រះចៅអធិការវត្ត រតនៈបុប្ផារាម ហៅ ( វត្តព្រែកអញ្ជាញ ) ហើយឯកឧត្តម គង់ អៀង អគ្គនាយករងវិស្វកម្ម ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអញ្ចាញ បានជួយកសាងផ្លូវបេតុងមួយខ្សែផងដែរ៕