ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅ វត្តស្វាយប្រហួត
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសៅ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ក្រុមការងារ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទជាច្រើនរូប បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅ វត្តស្វាយប្រហួត ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ។
នាឱកាសនោះលោកជំទាវជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥កើត ខែអស្សុជ។ការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀងធ្លាក់ជោកជាំ។
លោកជំទាវ ម៉ែន សំអន ថ្លែងបន្តថា ពិធីបុណ្យនេះដែរក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង៧ សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទន្ទឹមនោះលោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ក្នុងនោះលោកជំទាវបានរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
លោកជំទាវ ម៉ែន សំអន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគផងដែរ។ ហើយត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម។ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕