សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យលទ្ធផល នៃការស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យលទ្ធផលដំបូង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
គួរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមផេករបស់សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕