ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ខ្លួនអាណត្តិទី៣ ឆ្នាំ២០២០
ខេត្តព្រះសីហនុ៖ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តមានរបៀបវារៈចំនួន ៦ ដើម្បីធ្វើការពិនិត្យ សកម្មភាពរបស់សមាជិក ក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖
១-ប្រកាសបើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣
៤-អានសេចក្តីថ្លែងការណ៍
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើកែសម្រួលគម្រោងបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តព្រះសីហនុ
៦-ផ្សេងៗ
នាឱកាសនោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានធ្វើការដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើនតាមបែបប្រជាធិបតេយ្យ លើការងារគ្រប់វិស័យនៅក្នុងមូលដ្ឋាន។
ឯកឧត្តមប្រធានក្រុមប្រឹក្សាសង្ឃឹមថា ការខិតខំប្រឹងប្រែងសម្រាប់សង្គមជាតិ ទន្ទឹមនោះយើងធ្វើការទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ក៏ដូចជាបទល្មើសការកាន់កាប់ដី ដោយខុសច្បាប់ផងដែរ។
ទន្ទឹមនោះដែរឯកឧត្តមបានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឯកភាពបំរើសេវាសាធារណៈ ដោះស្រាយសំណូមពរ និងគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព៕