ចាប់ឃាត់ខ្លួន បុរសល្មោភកាម២នាក់ បន្ទាប់ពីប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ក្មេងស្រីមិនបានសម្រេច
ខេត្តពោធិ៍សាត់៖ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីវ័យ៩ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វឿន វី អាយុ២៧ឆ្នាំ និងបក្ខពួកឈ្មោះ ផាន់ ផា អាយុ៤៨ឆ្នាំ ព្រមទាំងឈ្មោះ សំ បូរ ភេទប្រុស អាយុ២៥ឆ្នាំ។ចំណែកជនរងគ្រោះ ឈ្មោះ គ.ព.ហ.ស.ក.ញ អាយុ០៩ឆ្នាំ រស់មានទីលំនៅរស់នៅភូមិឃុំ កើតហេតុខាងលើដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យឈ្មោះ វឿន វី និងបក្ខពួកត្រឡប់មកពីដឹកបង្គោលរបងយកទៅលក់ បានលុយក៏នាំគ្នាទិញស្រាផឹកស្រវឹង លុះធ្វើដំណើរដល់មុខផ្ទះក្មេងស្រីរងគ្រោះ ក៏នាំគ្នាឈប់គោយន្ត ហើយឃើញបងប្អូនប្រុសស្រីពីរនាក់ ភ្លាមនោះក្មេងទាំង២នាក់នោះ បាននាំគ្នារត់ចូលក្នុងផ្ទះហើយបិទទ្វារជិត ឃើញដូចនេះជនសង្ស័យឈ្មោះ វឿន វី នឹងឈ្មោះ ផាន់ ផា បានចុះពីគោយន្តដើរសម្តៅចូលទៅក្នុងផ្ទះ ចំណែកឯឈ្មោះ សំ បូរ ដេកចាំនៅលើគោយន្ត។
នៅពេលចូលទៅដល់ ជនសង្ស័យឈ្មោះ វឿន វី បានលុកដៃបើកទ្វារផ្ទះ ឃើញក្មេងប្រុសស្រីទាំងពីរនាក់អង្គុយក្បែរមាត់ទ្វារ ពុំឃើញឪពុកម្ដាយ ពេលនោះឈ្មោះ ផាន់ ផា ក៏បានបញ្ឆោតកុមារា ថា គោឯងផ្អើលនៅខាងក្រោយផ្ទះ លឺដូចនេះក្មេងប្រុសក៏រត់នៅមើលសល់តែកុមារីឈ្មោះ គ.ព.ហ.ស.ក.ញ នៅតែម្នាក់ឯងហើយស្រែកយំយ៉ាងខ្លាំង។
ឱកាសមកដល់ ជនសង្ស័យឈ្មោះ វឿន វី ក៏ស្ទុះចូលទៅចាប់បីក្មេងស្រី ហើយយកដៃខ្ទប់មាត់កុំឲ្យស្រែក ដោយមានបំណងចង់ចាប់រំលោភសេពសន្ថវៈ ស្រាប់តែក្មេងប្រុសរត់ត្រឡប់មកវិញ ហើយស្រែកខ្លាំងៗថា «មានគេចាប់ប្អូនស្រីខ្លួនហើយ ជួយផងៗ» ឃើញដូចនេះ ជនសង្ស័យឈ្មោះ ផាន់ ផា រត់ទៅបើគោយន្ត។ចំណែកឯជនសង្ស័យឈ្មោះ វឿន វី ក៏បានបីកុមារីឈ្មោះ គ.ព.ហ.ស.ក.ញ ដែលសន្លប់នៅលើដៃ រត់តាមគោយន្តពីខាងក្រោយ រត់បានប្រហែលជិត១០០ម៉ែត្រ ក៏បោះក្មេងស្រីនោះចោលក្នុងព្រៃក្បែរផ្ទះ រួចក៏រត់ឡើងជិះគោយន្តជិះ រហូតដល់មានតូបលក់អីវ៉ាន់ ចាប់ហួយមួយកន្លែង ក៏ឈប់ទិញស្រា និងបារី ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចជាប់ជនសង្ស័យឈ្មោះ វឿន វី និងឈ្មោះ ផាន់ ផា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញតែម្ដង ចំណែកឯជនសង្ស័យឈ្មោះ សំ បូរ បានរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។ចំណែកឯវត្ថុតាង គោយន្តរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្ទ្រែ បណ្ដោះអាសន្ន៕