បុរសម្នាក់ធ្លាក់ពីលើអាគារស្តារ ហ្គោលនៅក្រុងប៉ោយប៉ែត បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីពេទ្យបង្អែក
ខេត្តបន្ទាយមានជ័យ៖ពិតជាអាណោចអធមណាស់ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយសារធ្លាក់ពីលើអាគារស្តារ ហ្គោលមិនដឹងពីមូលហេតុ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងការដ្ឋានសាងសង់របស់ក្រុមហ៊ុន ស្តា ហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសរងគ្រោះមានឈ្មោះ ឆន ឆេន ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ អាសយដ្ឋានសព្វថ្ងៃនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមកម្មករសំណង់ដូចគ្នា បានឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាកម្មករសំណង់នៅទីនេះ តែត្រូវបានអ្នកម៉ៅការសំណង់ដេញចេញ ហើយទើបតែព្រឹកនេះស្រាប់តែជនរងគ្រោះរូបនេះ បានមកកន្លែងអគារខាងលើក្នុងស្ថានភាស្រវឹងជោគជាំ ស្រាប់តែជនរងគ្រោះឡើងទៅលើអាគារ មិនដឹងមូលហេតុ ក្រោយមកក៏ស្រាប់តែជនគ្រោះធ្លាក់ពីលើ ភ្លាមនោះពួកគាត់បាននាំគ្នាដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ជាអកុសសល្យស្លាប់នៅទីនោះតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងធ្វើកោសល្យវិច្ច័យ ព្រមទាំងស្រាវជ្រាវស្វែងរកសាច់ញាតិសាកសព ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕