ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២០
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២០ ដែលសហការរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួម ពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានា ព្រមអតីតយុទ្ធជនក្នុងខេត្ត សរុបចំនួន១០០នាក់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលមកដល់ពេលនេះរៀបចំបានចំនួន ១៣លើករួចហើយ គឺដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហានកាលពីអតីតកាល ដើម្បីបុព្វហេតុជាតិមាតុភូមិមានសុខសន្តិភាព និងការអភិវឌ្ឍ។ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា មិនត្រឹមតែរៀបចំឲ្យមាននូវទិវាអតីតយុទ្ធជន ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ កន្លងមកដើម្បីជាការតបស្នង ចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់អតីតយុទ្ធជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានា ក្នុងការដំឡើងប្រាក់ឧបត្ថម្ភ សម្រួលនីតិវិធី នៃការបើកផ្ដល់ប្រកបដោយតម្លាភាព ព្រមទាំងរៀបចំឲ្យមានលំនៅឋានសមរម្យ សម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក្រោមរូបភាព នៃការការអនុវត្តគោលនយោបាយ ស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ហើយជាក់ស្ដែង បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តស្វាយរៀង ក៏ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះផងដែរ។
រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានចាត់ចែងរៀបចំដី និងផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន៤០០ខ្នងផ្ទះហើយ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់
១.ត្រូវថែរក្សាសុខភាពអនាម័យខ្លួនប្រាណ លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល គ្រប់ពេលវេលា ដើម្បីបញ្ចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
២.បន្តចូលរួមថែរក្សាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាកពីសំណាក់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប។
៣.ចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្កលក្ខណៈរស់នៅប្រកបដោយសុខុដុមរមនាក្នុងមូលដ្ឋានរបស់យើង។
៤.សូមជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
៥.សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសរន្ទះ និងខ្យល់កន្ត្រាក់ជាដើម។
បញ្ចប់នៃពិធីឯកឧត្តមអភិបាលខេត្តបានផ្តល់ជូន នូវអំណោយដល់អតីតយុទ្ធជនទាំងអស់១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ឃីត១កញ្ចប់ (ជែល ១ដប សាប៊ូដុំ១ដុំ សាប៊ូម្សៅ១កញ្ចប់ អំបិល១កញ្ចប់) និងថវិកាចំនួន៤០.០០០រៀលផងដែរ៕