ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តដឹកដី កិនចំពាក់កណ្តាល បណ្តាលឲ្យខ្ទេចសព១នាក់ និង១នាក់ទៀតរបួសធ្ងន់ បញ្ជូនសង្គ្រោះនៅមន្ទីពេទ្យ
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យខ្ទាត់ចូលរថយន្តដឹកដី កិនចំពាក់កណ្តាល បណ្តាលឲ្យខ្ទេចសព១នាក់ និង១នាក់ទៀតរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងនៅចំណុចមុខប៉ុស្តិ៍ព្រំដែនដើមកកោះ លើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែងបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ញាណ បូរិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។រីឯអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់។
នគរបាលចរាចរណ៍បញ្ជាក់ថា នៅកន្លែងកើតហេតុគេបានឃើងម៉ូតូ២គ្រឿង បុកគ្នាហើយក៏បានខ្ទាតចូលកង់រថយន្តដឹកដី ពាក់ស្លាលលេខបន្ទាយមានជ័យ ៣A ០៤ ៤៦ បណ្តាលឲ្យស្លាប់១នាក់ និង១នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីកើតហេតុមធ្យោបាយពាក់ពន្ធ័ទាំងអស់ម៉ូតូ២គ្រឿង និងរថយន្តដែលបង្ករគ្រោះថ្នាក់ខាងលើ ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុង នាំយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ជាក្រោយ។សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕