លោកអភិបាលស្រុកកំពង់ត្រាច ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន១០៨គ្រួសារ
ខេត្តកំពត៖ ដើម្បីរួមចំណែកទ្រទ្រង់ដល់ការងារមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ក៏ដូចជាដើម្បីចែករំលែកទុកលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ក៏ដូចជាព្រះចៅអធិការវត្តព្រះគោ ហៅវត្តអូរ បានបរិច្ចាគសម្ភារៈ បរិក្ខា ថវិកា និងស្បៀងអាហារ ដើម្បីជាការចែរំលែកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាព ដោយពិធីនេះបានរៀបចំឡើងនៅវត្តព្រះគោ ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ក្រោមវត្តមាន លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងជាប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងសហការី។
ការធ្វើពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ របស់អនុសាខាកាកបាទក្រហមស្រុក និងរបស់ព្រះចៅអធិការវត្តព្រះគោនេះ ដើម្បីរួមចំណែក ជួយដោះស្រាយជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលកំពុងជួបការលំបាកមានចំនួន១០៨គ្រួសារ ស្ថិតក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។
ចំពោះអំណោយសប្បុរសធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ដោយម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម ព្រមទាំងសម្ភារៈសម្រាប់ផ្ទះបាយមួយកញ្ចប់ធំ និងថវិកាមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ លោក អូន ខន បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ ដល់ព្រះតេគុណ ទេស សុផា ព្រះចៅអធិការវត្តព្រះគោ ដែលបានបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋកំពុងជួបបញ្ហាជីវភាព ក្នុងមូលដ្ឋាន។អំណោយទាំងនេះពិតជាសំខាន់បំផុតក្នុងការរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ៕