ចាប់ឃាត់ខ្លួនបុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ នៅស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពបន្លំចាយលុយដុល្លាក្លែងក្លាយ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ បានជិះម៉ូតូ១គ្រឿងម៉ាក MSX ពាក់ស្លាកលេខ ពោធិ៍សាត់1F 7767 នគរបាលមិនបញ្ជាក់អំពីពណ៌នោះទេ បានធ្វើសកម្មភាព ចាយលុយដុល្លាក្លែងក្លាយក្រដាសប្រាក់២០ដុល្លា ទៅទិញកាតទូរស័ព្ទស្មាតចំនួន១ដុល្លា ពីអ្នកលក់ឥវ៉ាន់ឈ្មោះ ខែក ធារៈ ភេទស្រី ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជនសង្ស័យ បន្តចាយលុយដុល្លាក្លែងក្លាយក្រដាស់ប្រាក់១០ដុល្លា ទៅទិញកាតទូរស័ព្ទស្មាត អ្នកលក់ឥវ៉ាន់ម្នាក់ទៀតឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិ ឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាពជនសង្ស័យ បានជិះម៉ូតូគេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបានត្រង់ចំណុចខាងលើ។
ក្រោយពីឃាត់ខ្លួន បាននាំយកមកបន្តនីតិវិធី ឆែកឆេរជាលទ្ធផលរកឃើញក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ១០ដុល្លាចំនួន៣២សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ២០ដុល្លាចំនួន០៣សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ៥០ដុល្លាចំនួន០៩សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ១០០ដុល្លសចំនួន ០៣សន្លឹក និងម៉ូតូជិះធ្វើសកម្មភាពចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕