រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់អាជីវករ ផ្អាកលក់ស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់ នឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរទំនិញ ផ្អាកការលក់នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។
តាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ដែលពុំមានប្រភពច្បាស់លាស់ បណ្ដាលឲ្យពុលស្លាប់ និងត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។បច្ចុប្បន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្ត រកសារធាតុផ្សំ និងផ្សព្វផ្សាយជាព័ត៌មាន ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ហេតុដូច្នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរទំនិញ មេត្តាផ្អាកការលក់ នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្ដាទីផ្សារទាំងអស់ និងតាមលំនៅឋាន មានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។
គូសបញ្ជាក់ថា ចំនួនអ្នកពុលស្រាថ្នាំតាំងគួយ នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានចំនួន១៥នាក់ ក្នុងនោះ៤នាក់ស្លាប់ និង១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕