សមត្ថកិច្ចចម្រុះ ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងចុះល្បាត និងត្រៀមតាមដងផ្លូវ ក្នុងគោលបំណង ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ការពារកុំឱ្យអាជីវករធ្វើបាតុកម្ម
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត បានដាក់ពង្រាយនៅតាមដងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវចូលសណ្ឋាគារស៊ី ធី ប៉ោយប៉ែត រហូតដល់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណង ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់គម្រោងធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋរស់នៅព្រំដែន។ក្នុងនោះកម្លាំងបានដាក់បារ៉ាស់នៅចំណុចមុខទីស្នាក់ការគយ និងរដ្ឋាករ ចម្ងាយពីរង្វង់មូលប្រមាណជា៥០ម៉ែត្រ ក្នុងគោលបំណងទប់ស្កាត់ការពារអាជីវករ កម្មករដែលចង់ធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរថៃបើកច្រក ដើម្បីឲ្យពួកគេបានចូលទៅមើលឥវ៉ាន់ បើមិនមានដំណោះស្រាយ នឹងបិទផ្លូវមិនឱ្យរថយន្តដឹកទំនិញភាគីថៃឆ្លងកាត់ផងដែរ។
សូមជម្រាបថា នារសៀលថ្ងៃច័ន្ទនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បន្តជួបពិភាក្សាគ្នានៅស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីបន្តស្វែងរកដំណោះស្រាយមួយក្រោយក្រុមអាជីវករ ក្រុមម៉ូតូឌុប ក្រុមអ្នកបើកម៉ូតូកង់បី និងកម្មករអូសរទេះ ចង់លើកគ្នាតវ៉ាដើម្បីចង់ឆ្លងដែនចូលតាមព្រំដែនទៅប្រទេសថៃ ខណៈប្រទេសថៃបានប្រកាសបិទព្រំដែនបន្ត ដើម្បីទប់ស្កាត់កូវីដ១៩។
គួរម្លឹកដែរថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលមានលោកឌិន ពុទ្ធី ជាប្រធាន បានសរសេរលិខិតជម្រាបជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ដីពីការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធីនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ។
យោងតាមលិខិតនោះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករអ្នកលក់ដូរទំនិញនៅក្នុងផ្សាររោងក្លឿ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាជាឯកច្ឆន្ទ និងចូលរួមធ្វើបាតុកម្មដោយមានមនុស្សចូលរួមប្រមាណ១៥០០នាក់ រទេះមួយរយគ្រឿង និងឧគ្ឍាសនាសព្ទចំនួន១គ្រឿង។
លិខិតដដែរបញ្ជាក់ថា ការធ្វើបាតុកម្មនេះក្នុងគោលបំណងទាមទាឲ្យអាជ្ញាធរថៃអនុញ្ញាតឲ្យថ្មើជើង រទេះ ទោចក្រយានយន្ត និងរថយន្តរបស់ពួកគេអាចឆ្លងកាត់ច្រកព្រំដែន ចូលទៅលក់ដូរបាន ក្នុងករណីភាគីថៃមិនព្រម ស្នើឲ្យឯកឧត្តមអភិបាលខេត្តបិតច្រកកុំឲ្យមានរថយន្តរបស់ថៃអាចបើកបរចូលមកទឹកដីកម្ពុជាបានបន្តទៀត។
លិខិតដដែរបញ្ជាក់ទៀតថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបស់របរដែលមាននៅក្នុងតូបនីមួយៗ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ឥវ៉ាន់ទាំងនោះពួកគាត់ទិញមកលក់មិនមែនសម្រាប់យកមកទុកក្នុងរយៈពេលយូរបាននោះទេ ដូច្នេះឥវ៉ាន់ត្រូវខូចគុណភាពហួសកាលបរិច្ឆេទមិនអាចប្រើប្រាស់ឬហូបចុកបាន។ឥវ៉ាន់ខ្លះទៀតត្រូវបានទឹកលិចពុកផុយកណ្ដុរ ឬសត្វល្អិតកាត់ខ្ទេចខ្ទីគ្មានសល់ ទាំងនេះហើយដែលជាហេតុធ្វើឲ្យពួកគាត់ខាតដើមទុនបាត់បង់ទ្រព្យធនយ៉ាងធ្ងន់ធ្ងរអាចធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលគេវ័ណ្ណកនោះ។
ជាការឆ្លើលតបនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិតជម្រាបជូនលោកឌិន ពុទ្ធី ប្រធានសមាគម ដោយមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះទេ ពីព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងមានវិធាការទប់ស្គាត់ការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ដែលជំងឺនេះបាននឹងកំពុងរីករាដាលជាសកលឥតឈប់ឈរស្ទើគ្រប់ប្រទេសនៅលើសកលលោក។
ពាក់ពន្ធ័បញ្ហាខាងលើនេះនាពេលកន្លងទៅឯកឧត្តមអភិបាលនិងអភិបាលក្រុងប៉ោយប៉ែត បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរ ហើយឯកឧត្តមធ្លាប់បានស្នើឲ្យភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានចេញចូល ដោយស្របច្បាប់ក្នុងគោលបំណងជួយដល់ការដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។
ជាងនេះទៅទៀតអភិបាលខេត្តបន្ទាយមានជ័យ ក៏ធ្លាប់អន្តរាគមន៍ទៅរដ្ឋបាលខេត្តស្រះកែវនៃប្រទេសថៃ ដើម្បីសុំឲ្យជួយសម្រួលមិនយកកម្រៃឈ្នួលតូបពីអាជីវករ និងសុំសម្រួលឲ្យអាជីវករកម្ពុជាទាំងអស់នៅក្នុងផ្សាររោងក្លឿ បានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើក២០នាក់រហូតដល់ស្ថានភាពវិលមកជាប្រក្រតីវិញ ក្នុងនោះភាគីថៃបានឆ្លើយតបថា នឹងជួយសម្រួលមិនយកកម្រៃឈ្នួលតូបពីអាជីវករកម្ពុជា ប៉ុន្តែចំពោះសំណើរសុំសម្រួលឲ្យអាជីវករ ចេញចូលទៅមើលឥវ៉ាន់របស់ខ្លួននោះភាគីថៃ មិនឯកភាពនោះទេ។ម្យ៉ាងទៀតរដ្ឋបាលខេត្ត ក៏បានស្នើឲ្យលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃផងដែរ៕