រដ្ឋបាលខេត្តកំពត បើកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២០ តាមរយះ Online (Zoom Cloud meeting)
ខេត្តកំពត៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២០តាមរយៈOnline (Zoom Cloud meeting)។
កិច្ចប្រជុំផ្ដោតសំខាន់លើការពិនិត្យពិភាក្សាពីវឌ្ឍនភាព នៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែឧសភា កន្លងទៅនិងការងារបន្តចូលរួមដោះស្រាយ រាល់បញ្ហាប្រឈមនានានៅសេសសល់ ខ្វះខាតដែលនឹងត្រូវបំពេញបន្ថែម រួមមានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយ អភិបាលខេត្តបានកោតសរសើរវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកក្នុងខេត្ត បានយកចិត្តទុកដាក់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។
ពាក់ព័ន្ធនឹងលទ្ធផលការងារឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហាប្រឈមនិងដំណោះស្រាយ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកសម្រេចបាននៅខ្វះចន្លោះនៅមិនទាន់បានធ្វើការវាយតម្លៃឲ្យបានជាក់លាក់ អំពីវឌ្ឍនភាពការងារនៅក្នុងរបាយការណ៍របស់ខ្លួននៅឡើយ គឺនៅមានភាពខ្វះចន្លោះ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកត្រូវតែកែទម្លាប់បំពេញបន្ថែម ដែលស្នើសុំឱ្យ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តទាំងអស់ពិនិត្យលើបញ្ហានេះឡើងវិញនៅក្នុង របាយការណ៍នៃលទ្ធផលការងាររបស់ខ្លួនឲ្យបានជាក់លាក់ ថា តើសម្រេចលទ្ធផលបានប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយទៀត ដែលជាមូលដ្ឋានសម្រាប់ទិសដៅ ដើម្បីដោះស្រាយនិងចំណាត់ការបន្តអោយមានប្រសិទ្ធភាពតទៅមុខទៀត។
ក្នុងឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗ គឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។
ទន្ទឹមនឹងនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរំលឹកជម្រុញដល់បណ្ដាំមន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតឲ្យបានផុសតាមដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួន៕