មន្ទីរសុខាភិបាលខេត្តកែប បានដាក់ឲ្យដំណើរការ នៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្តកែប
ខេត្តកែប៖ឯកឧត្តមសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបានស្នើរសុំ និងផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាលត្រូវសហការគ្នាអោយបានល្អ ក្នុងការបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាអោយបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ( Covid-19) នៅតាមសហគមន៍។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ផ្តាំផ្ញើរបែបនេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលខេត្ត នៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តកែបសរុប៨០រូប។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
ក្នុងនោះឯកឧត្តម គាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនអោយដល់មូលដ្ឋាន៕