អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់សួនខឿនការពារជាតិ នៅបរិវេណវិមានឈ្នះឈ្នះ
រាជធានីភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់កងយោធពលខេមរភូមិន្ទ ត្រូវចងចាំ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាមិនឲ្យមានសង្រ្គាម មានសន្តិភាព និងមានការអភិវឌ្ឍន៍។ត្រូវគោរពការដឹកនាំ និងអនុវត្តឲ្យបានដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងប្រឆាំងដាច់ខាតចំពោះពួកអគតិណា ដែលមានគំនិតចង់បំផ្លាញប្រទេសជាតិកម្ពុជាឲ្យទៅរងគ្រោះមហន្តរាយ ក្នុងភ្នក់ភ្លើងសង្រ្គាមសារជាថ្មីនោះ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ផ្តាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តម នាយឧត្ដមសេនីយ៍ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំងថ្នាក់ដឹកនាំ នាយកស្ថាប័ន នាយទាហាន ជាច្រើនរូបទៀតផង។
ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ នាពេលកន្លងមក ជាពិសេស។រួមចំណែកលើកស្ទួយសោភ័ណ្ឌភាព និងកំណើនភ្ញៀវទេសចរណ៍ឲ្យមកទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព កាន់តែច្រើនកុះករថែមទៀតនាថ្ងៃអនាគត។
ម្យ៉ាងទៀត ការសាងសង់សួនខឿនការពារជាតិនេះ ក៏ជាការចូលរួមកសាងកេរ្តិ៍មរតក ដែលជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយ ឲ្យចងចាំពីគុណបំណាច់ដ៍វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ៕